Monday, October 29, 2018

ជួបគ្រោះស៊ូណាមិស្លាប់មនុស្សរាប់ពាន់នាក់មិនអស់បាត់រន្ធត់ផង ឥលូវឥណ្ឌនេស៊ីមកជួបហេតុការណ៍ធ្លាក់យន្តហោះទៀត អ្នកដំណើរជិត២០០នាក់គ្មានសង្ឃឹមថានឹងនៅមានជីវិត
ឥណ្ឌូនេស៊ី៖ គិតមកទល់នឹងពេលនេះគេអាចរកឃើញសាកសពមនុស្សចំនួន ៦ នាក់ហើយ ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុង ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា ទំនងជាគ្មានអ្នកដំណើរណាម្នាក់នៅរស់មានជីវិតនោះទេ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះមានយន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌូនេស៊ីមួយគ្រឿងម៉ាក Lion Air flight JT 610 មានទិសដីហោះចេញពីទីក្រុង Pangkal Pinang ​បានធ្លាក់នៅជិតទីក្រុងចាកាតា បន្ទាប់ពីយន្តហោះនេះបានចេញដំណើរបានប្រមាណជា ១៣ នាទី។
យន្តហោះបានធ្លាក់ចូលទៅក្នុសមុទ្រ ដែលធ្វើឲ្យគេពិបាកក្នុងការជួយសង្គ្រោះ និងស្វែងរកជនដែលបានបាត់ខ្លួនណាស់។ ក្នុងយន្តហោះមួយនេះមានផ្ទុកមនុស្សសរុបចំនួន ១៨៩ នាក់ ហើយបើតាមការសន្និដ្ឋានរបស់ក្រុមអ្នកជួយសង្គ្រោះពួកគេទាំងអស់ទំនងជាមិនមានជីវិតរស់នោះទេ។ ​សូមបញ្ជាក់ផងដែរថាក្នុងចំណោម មនុស្សទាំង ១៨៩ នាក់នោះ មានក្មេងចំនួន ៣ នាក់ មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី ២០ នាក់ ហើយអ្នកបើកយន្តហោះនេះគឺលោក Bhavye Suneja ជនជាតិឥណ្ឌា និងមានបទពិសោធណ៍បើកយន្តហោះជាច្រើនឆ្នាំមកហើយ។ រហូតមកទល់នឹងពេលនេះ មានក្រុមអ្នកជួយសង្គ្រោះប្រមាណជា ២៥០ នាក់ កំពុងដុតដៃដុតជើងស្វែងជនរងគ្រោះ ហើយគេសង្ឃឹមថាប្រតិបត្តិការណ៍ជួយសង្គ្រោះនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ៕

No comments:

Post a Comment